ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ពិតជាមហាអស្ចារ្យ មហាលោតផ្លោះមែន..! ដីរស់នៅកាន់កាប់អាស្រ័យផលរយៈពេល១៦ឆ្នាំ ស្របពេលបិទប្រកាសក្បាលដី គាត់បានប្តឹងជំទាស់សេចក្តីជូនដំណឹងការបិទផ្សាយជាសាធារណៈ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីបំពេញបន្ថែម តែអង្គភាពមន្ទីរជំនាញសុរិយោដីនៅតែធ្វើប្លង់កម្មសិទ្ធអោយអ្នកផ្សេង ឆ្កុយ ប្រហែលស្រវាំងភ្នែកព្រោះទេវប្រាក់ ហើយមើលទៅ…?

រតនគិរី÷ ពិតណាស់មិនខុសដូចពាក្យគេច្រើនដំណាលថា អោយតែមានលុយ ទោះបី ហៅខ្មោចអោយឡើងមកកិនម្សៅធ្វើនំ ក៏បានហូបនោះដែរ..?! យ៉ាងណាម៉ិញក្នុងរឿងរ៉ាវមួយបានកើតឡើងចំលើប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ឈ្មោះ សយ សុខហឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលលោកកំពុងជួបនៅរឿងរ៉ាវអយុត្តិធម៌លើដីធ្លីរបស់ខ្លួនរស់នៅកាន់កាប់អាស្រ័យផលអស់រយៈពេល១៦ឆ្នាំ! ប៉ុន្តែបច្ចុប្បន្នត្រូវបាន អង្គភាព មន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី អាជ្ញាធរសាលាក្រុងបានលុង ហាក់មានចេតនារៀបចំធ្វើស៊ី ក្នុងន័យបំរើអោយមហិច្ឆិតាបុគ្គលនានលុយ ហើយលោកបានក្លាយជាជនរងគ្រោះ..?! នេះបើយោងតាមពាក្យបណ្តឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលលោកជាជនរងគ្រោះបានដាក់ចូលទៅលោក ធូ ឃឿរ អភិបាលក្រុងបានលុង។  ដែលលោក សយ សុខហឿន បានប្តឹងជំទាស់ចំពោះសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំលេខ៣១៤/២៣ មានទីតាំងស្ថិតនៅសង្កាត់យក្សឡោម ក្រុងបានលុងចំនួន០១ក្បាលដី និងសេចក្តីជូនដំណឹងលេខ៣១២/២៣ស្ថិតនៅសង្កាត់ឡាបានសៀកចំនួន០២ក្បាលដី ដែលចេញដោយសាលាក្រុងបានលុងចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោក សយ សុខហឿន សុំប្តឹងទាស់ដាច់ខាត នូវកាចរន្ធការ នៃការចុះបញ្ជីដី ឬប័ណ្ណកម្មសិទ្ធដី។ ដោយដីចំនួន០៣កន្លែងនេះមានការពាក់ព័ន្ធនិងផលប្រយោជន៍របស់លោក សយ សុខហឿន បានកាន់កាប់តាំងពីឆ្នាំ២០០៨ រហូតមក និងបានអាស្រ័យផលជាក់ស្តែងអស់រយៈពេល១៦ឆ្នាំមកហើយ ដែលមានសាក្សីដឹងលឺជាសារធារណៈផងដែរ។

   សូមបញ្ជាក់ថា បើទោះបីកន្លងមកលោកសយ សុខហឿន បានដាក់ពាក្យបណ្តឹង ប្តឹងជំទាស់ចំពោះសេចក្តីជូនដំណឹងគ្រប់នីតិវិធី ទៅដល់ អង្គភាពជំនាញ មន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី និងសាលាក្រុងបានលុង រួមនិងមានលិខិតអន្តរាគមន៍ចូលមក ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី យ៉ាងណាក្តី  ប៉ុន្តែអំពើគប់គិតគ្នាពីមន្ត្រីគ្រាប់ល្ពៅខិលខូចនៅតែបូញមាត់បត់ដុំដៃ រកគន្លឹៈបំភ្លៃ គៃបន្តំការពិតមិនបានផ្តល់មតិយោបល់ ហាក់គ្មានការពិតប្រកបដោយភាពសុក្រិត្យ ជូនដល់ថ្នាក់ដឹកនាំខេត្តនោះដែរ..?! ព្រោះបច្ចុប្បន្នក្នុងរឿងនេះត្រូវប្រភពបង្ហើបថា ករណីដីមានទំនាស់ខាងលើនោះ មួយផ្នែកត្រូវបានកសាងប័ណ្ណរឹងរួចរាល់បណ្តើរៗដោយស្ងាត់ស្ងៀម និងមានអាថ៌កំបាំងទៀតផង។
    ពាក់ព័ន្ធចំណុចនេះមជ្ឈដ្ឋានមហាជនប្រជាពលរដ្ឋ មន្ត្រីរាជការមួយចំនួនបានមានចម្ងល់លើកឡើងដាក់ជាសំណួរសួរថា ចុះហេតុអ្វីដីធ្លីដែលមានជម្លោះនៅតែអាចធ្វើប្លង់រឹងយកមកកាន់កាប់បានដោយរលូន..?! តើចំណុចនេះ អង្គភាពជំនាញ មន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីប្រើនីតិវិធីច្បាប់អ្វីមកអនុវត្ត ឬមួយកែខៃច្បាប់បៅឋានយក្ខមកប្រើ..?!

     ជុំវិញរឿងមិនប្រក្រតីនេះលោក ធូ ឃឿរ អភិបាលក្រុងបានលុងបានអោយអ្នកយកព័ត៌មានយើងដឹងថា.ក្នុងរឿងនេះ លោក សយ សុខហឿន ខាងសាលាក្រុង បានចេញលិខិតចំនួន៣លើកហើយតែលោកមិនចូលរួមប្រជុំដោះស្រាយ។
ដោយឡែករាល់ការលើកឡើងរបស់លោក ធូ ឃឿរ អភិបាលក្រុងបានលុង លោក សយ សុខហឿន បានបញ្ជាក់អោយអ្នកយកព័ត៌មានយើងដឹងថា លោកមិនមានចេតនាណាមួយគេចវេសនោះឡើយ គឺលោកមានតែសម្តែងការស្វាគមន៍ក្នុងការសម្របសម្រួលដោះស្រាយ! ប៉ុន្តែតែរាល់ការចេញលិខិតអោយលោកចូលរួមគឺហៅពេលព្រឹក អោយលោកចូលពេលល្ងាច។ យ៉ាងណាម៉ិញដូចជាលិខិតអញ្ជើញរបស់សាលាខេត្តរតនគិរី អញ្ចឹង ស្របពេលដែលលោក កំពុង់ឈឺសម្រាកព្យាបាលនៅគ្លីនិក គឺត្រូវមានលិខិតអោយចូលរួមប្រជុំដោះស្រាយ។

   ចំណែកលោក លី ឧសភា ប្រធានមន្ទីរដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះមិនអាចសុំការពន្យល់បាននោះឡើយ ដោយទូរស័ព្ទចូលចំនួនពីលើកតែគ្មានអ្នកទទួល..។
   ជុំវិញរឿងវិវាទដីធ្លីខាងលើនេះ មជ្ឈដ្ឋានមហាជន មន្ត្រីរាជការក្នុងខេត្តរតនគិរី នៅតែមានចំណាប់អារម្មណ៍សម្លឹលមើលឃើញថា មន្ត្រីប្រើកិច្ចការងារ នៃមន្ទីរជំនាញសុរិយោដី រដ្ឋបាលសាលាក្រុងបានលុង ហាក់សម្លឹងផលលាភក្នុងនីតិលុយលាភ ច្រើនជាងការផ្តល់យុត្តិធម៌ផ្នែកផ្លូវច្បាប់..?! បើទោះបីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានចំណាជូនលោក ខ័ណ្ឌ ចំណាន អភិបាលរងទទួលបន្ទុកកិច្ចការងារដីធ្លីក្នុងខេត្តរតនគិរី អោយបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលយ៉ាងណាក្តី ប៉ុន្តែដំណោះស្រាយនោះ ត្រូវក្រុមការងារមួយចំនួនខ្សឹបប្រាប់ថា ជនរងគ្រោះហាក់មិនទទួលបានភាពយុត្តិធម៌នោះឡើយ ព្រោះភាគីរងគ្រោះដោយការរំលោភបំពានក្រីក្រ គឺមិនអាចទទួលយកបាន ម្យ៉ាងរាល់ចំណារបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីដែលបានផ្តល់នីតិវិធីអោសម្របសម្រួលដោះស្រាយនោះគឺមិនមានរបាយការណ៍ជាក់លក្ខណាមួយជាលាយលក្ខជាអក្សរ​លើកិច្ចប្រជុំដំណោះស្រាយចេញជាលទ្ធិផលនោះឡើយ។

   រីឯប្រភពមន្ត្រីបានបង្ហើបអោយដឹងថា ក្នុងកិច្ចប្រជុំកន្លងទៅ លើការបង្រួមទំនាស់ពង្រីកការដំណោះស្រាយ ហាក់មិនបានយកយុទ្ធសាស្ត្រនយោបាយឈ្នះ ឈ្នះ របស់ថ្នាក់ដឹកនាំប្រទេសមកប្រើជាយន្តការដោះស្រាយបញ្ចាប់ទំនាស់នោះឡើយ។ ដោយបច្ចុប្បន្នបញ្ហាវិវាទដីធ្លីត្រូវមហាជនមើលឃើញថា បានផ្ទុះឡើងដូចដំបៅមហារីកដែលគ្មានថ្នាំព្យាបាលអញ្ចឹងនៅក្នុងខេត្តរតនគិរី ព្រោះបុគ្គលមានតួនាទីក្នុងការដោះស្រាយរឿងដីធ្លីហាក់មានគំនិតចិញ្ចឹមរឿង ដើម្បីជាការប្រមូលផលលាភពីការដោះទំនាស់។ ដោយបានអនុវត្តផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិ៧ ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកករណីវិវាទដីនេះដែរ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក លី សាយឃាង ដែលត្រូវប្រភពបង្ហើបថាជាម្ចាស់ដីទំនាស់នោះ អ្នកយកព័ត៌មានយើងមិនអាចស្វែងរកសុំការពន្យល់បាននោះឡើយ។

   បញ្ហាវិវាទដីធ្លី​ នៅក្នុងខេត្តរតនគិរី បច្ចុប្បន្ន បើថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិដូចជា ក្រសួងអធិការកិច្ច អធិការកិច្ចក្រសួងមហាផ្ទៃ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី​ មិនមានវិធានការក្តៅនោះទេ ផលលំបាករបស់មន្ត្រីដែលរងគ្រោះពីរឿងដីធ្លី រួមនិងប្រជាពលរដ្ឋទន់ខ្សោយ ពិតជាត្រូវមន្ត្រីគ្រាប់ល្ពៅប្រើកណ្តាប់ដៃប្រកបដោយភាពអយុត្តិធម៌រំលោភបំពានក្រោមរូបភាពគ្រប់បែបយ៉ាង ដែលមានកម្រិតបច្ចេកទេសខ្ពស់ក្នុងការបំភ្លៃ គៃបន្លំឲប្រជាពលរដ្ឋទទួលរងទុក្ខមិនខាន៕ << សូមប្រិយមិត្តរងចាំអាន និងស្តាប់វគ្គ២ >>

Leave a Reply

Your email address will not be published.